Monday 30 June 2014

និស្សិតកម្ពុជាចូលរួមកម្មវិធីសិល្បៈវប្បធម៌និងសិល្បៈការពារខ្លួន 2014

កាលពីថ្ងៃទី 26-30 មិថុនា 2014 និស្សិតកម្ពុជាអាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ  របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថននៃសាកលវិទ្យាល័យមហាសារខាមចំនួន 6 នាក់ បានចូលរួមកម្មវិធីសិល្បៈវប្បធម៌ និងសិល្បៈការពារខ្លួន សម្រាប់និស្សិតបរទេស ប្រចាំឆ្នាំសិក្សា 2014 នៅសាកលវិទ្យាល័យទិចណូឡូជីស៊ុរៈណារី (Suranaree University of Technology) នៅខេត្តនគររាជសីមា។ 

មាននិស្សិតបរទេសជាច្រើនចូលរួមក្នុងកម្មវិធីនេះ ដូចជា និស្សិតកម្ពុជា ឡាវ ចិន ឥណ្ឌូនេស៊ី ថៃ។ល។ ដែលចូលរួមកម្មវិធីនេះ នឹងចូលសិក្សាស្វែងយល់អំពីសិល្បៈការពារខ្លួន (ប្រដាល់) ដូចជា អំពីផលប្រយោជន៍ ប្រវិត្ត របៀបថ្វាយគ្រូ ឱ្យនិស្សិតបាន អនុវត្តផ្ទាល់ និងទៅទស្សនាការហ្វឹកហាត់ប្រដាល់ដោយផ្ទាល់។

 
 
 
 

Monday 16 June 2014

ណែនាំពីការតអាយុវីសា និងការប្រើលិខិតឆ្លងដែនដល់និស្សិតព្រះរាជឧបត្ថម្ភ 2014

កាលពីថ្ងៃទី 15 មិថុនា 2014 ផ្នែកទំនាក់ទំនងអន្តរជាតិបានរៀបវគ្គបណ្តុះបណ្តាលអំពី "ការតអាយុវីសា និងការប្រើលិខិត ឆ្លងដែនដល់និស្សិតព្រះរាជឧបត្ថម្ភ 2014" ម៉ោង 9.00-12​.00 នាទី បន្ទប់ប្រជុំ RN-309 នៅអគាររាជនៈគ្រិន្ទ នៃសាកលវិទ្យាល័យមហាសារខាម។

ក្នុងវគ្គបណ្តុះបណ្តាលនេះ មាននិស្សិតចូលរួមប្រហែលជា 142 នាក់ ដែលជានិស្សិតកម្ពុជា អាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ  របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសិរិនថន ឆ្នាំសិក្សា 2014 ហើយគោល បំណងក្នុងការរៀបចំក្នុងកម្មវិធីនេះគឺដើម្បីឱ្យនិស្សិតបានយល់ និងដឹងពីការប្រើប្រាស់លិខិតឆ្លងដែន ការតអាយុវីសា ការធ្វើ Re-Entry Visa និងការបង្ហាញខ្លួនក្នុងការរស់នៅក្នុងព្រះរាជាណាចក្រថៃលើសពី 90 ថ្ងៃ។