Wednesday 2 January 2013

ប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ព្រះរាជទានប្រចាំឆ្នាំ ២០១៣

នៅចន្លោះថ្ងៃទី ១០-១៥ ខែធ្នូ ឆ្នាំ ២០១២ តំណាងពីសាកលវិទ្យាល័យមហាសារខាម ដឹកនាំដោយ សាស្រ្តាចារ្យបណ្ឌិត ណាត់ថៈនុន ត្រាឈូ សាកលវិទ្យាធិការរងផ្នែករៀបចំគម្រោង និងទំនាក់ទំនងបរទេស នៃសាកលវិទ្យាល័យមហាសារខាម និងសាស្រ្តាចារ្យដែលតំណាងឱ្យមហាវិទ្យាល័យផ្សេងៗ ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលមានដូចជាៈ មហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្រ្ត មហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យអប់រំ មហាវិទ្យាល័យព័ត៌មានវិទ្យា និងមហាវិទ្យាល័យគណនេយ្យ និងការគ្រប់គ្រងបានធ្វើដំណើរទៅប្រឡង ជ្រើសរើសនិស្សិត អាហារូបករណ៍ព្រះរាជទានដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ការប្រឡងជ្រើសរើសលើកនេះមានចំនួននិស្សិតកម្ពុជាដាក់ពាក្យប្រឡង ១,៤០០ នាក់ ក្នុងចំនួនទាំងអស់នេះ មានសិស្ស ដាក់ពាក្យមករៀនសាកលវិទ្យាល័យមហាសារខាមចំនួន ២៦៤ នាក់ ហើយសិស្សដែលប្រឡងជាប់មកសាកលវិទ្យាល័យ មហាសារខាមមានចំនួន ២០ នាក់ ចែកចេញជា ២ គឺៈ ថ្នាក់បរិញ្ញាបត្រចំនួន ១៧ នាក់និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣ នាក់។ ក្រៅពីសាកលវិទ្យាល័យមហាសារខាមនៅមានសាកលវិទ្យាល័យផ្សេងៗនៅក្នុងប្រទេសថៃចំនួន ១៧ ទៀត ដែល បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលមានដូចជាៈ ស.បូរផា ស.ជុឡាឡុងកន ស.សុងខ្លាណៈគ្រិន្ទ ស.នរេសួន ស.ឧប៊ុនរាជធានី ស.ខន់កែន ស.មហិដុន ស.រាជភ័ត្តស៊ីសាកេត ស.រាជភ័ត្តបុរីរម្យ ស.រាជភ័ត្តឈៀងម៉ៃ ស.រាជភ័ត្តនគរ រាជសីម៉ា ស.ស្រីបថម ស.បច្ចេកវិទ្យារាជមង្គលភាគខាងកើត ស.រាជមង្គលថ័ញយៈបុរី ស.បច្ចេកវិទ្យាព្រះចមក្លៅ ព្រះនគរខាងជើង និងស.ផៈយ៉ៅ។ និស្សិតកម្ពុជាដែលប្រឡងជាប់ទាំង ១៧ សាកលវិទ្យាល័យនឹងចូលមកសិក្សាភាសា ថៃមូលដ្ឋានគ្រឹះនៅសាកលវិទ្យាល័យមហាសារខាមនៅពាក់កណ្តាលខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ ២០១៣។ ក្នុងឱកាស នេះដែរ នៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១២ សាស្រ្តាចារ្យ និងបុគ្គលិកដែលតំណាងឱ្យសាកលវិទ្យាល័យ មហាសារខាម បាន ធ្វើដំណើរទៅគោរពព្រះបរមសពព្រះបាទសម្តេចនរោត្តមសីហនុ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។